នៅថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “
របៀបប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់តាមដានផលិតផលការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)” ដល់សមាជិកសហគមន៍កសិកម្ម និងក្រុមហ៊ុនផ្គត់ផ្គង និងលក់រាយបន្លែសុវត្តិភាព។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺ (១) ដើម្បីស្វែងយល់ពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធ QR Code តាមគោលការណ៍ ស្តង់ដារ (CamGAP) (២) ដើម្បីស្វែងយល់ពីមុខងារ និងរបៀបប្រើប្រាស់ប្រព័ន្ធ QR Code ក្នុងការស្នើសុំ CamGAP Logo និង(៣) អនុវត្តការប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីផ្ទៀងផ្ទាត់ផលិតផល (CamGAP)។ ប្រព័ន្ធ QR Code នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្កេនដឹងអំពីព័ត៌មានរបស់អ្នកផលិត ទីតាំងដាំដុះ កន្លែងវេច ប្រភេទ និងលេខកូដផលិតផល សុពលភាពផលិតផល និងទីផ្សារលក់ផលិតផលចុងក្រោយដើម្បីបង្កើនទំនុកចិត្ត សុក្រិតភាព តម្លាភាព និងបង្កើនភាពជឿជាក់ដល់អ្នកប្រើប្រាស់ក្នុងការធានាថាផលិតផលនោះមានគុណភាព និងសុវត្តិភាពត្រឹមត្រូវ។