អំពី​នាយកដ្ឋាន

នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មានភារកិច្ចដូចតទៅ៖
  • រៀបចំគោលនយោបាយ កសាងផែនការ គម្រោង កម្មវិធីអភិវឌ្ឍន៍ វិធានការកាត់បន្ថយការបាត់បង់ផលដំណាំបង្ក​ឡើង​ដោយសមាសភាពចង្រៃ គ្រប់គ្រងការប្រើប្រាស់សារធាតុគីមីដែលប្រើប្រាស់ក្នុងបំណងបង្ការ កំចាត់ សម្លាប់ បណ្តេញ អូសទាញ សម្របសម្រួលការលូតលាស់ (និងអំពើដទៃទៀតនៃថ្នាំកសិកម្ម) សមាសភាពចង្រៃ និងរាល់ភ្នាក់ងារ ឬសារធាតុជីវសាស្ត្រដែលប្រើប្រាស់ក្នុងគោលបំណងខាងលើ និងបង្ការ កំចាត់ សម្លាប់ បណ្តេញ អូសទាញ (និងអំពើដទៃទៀតនៃថ្នាំកសិកម្ម) សមាសភាពចង្រៃបំណង បង្កើនជីជាតិដីក្នុងទិសដៅបង្កើនផលិតភាព និងផលិតកម្មដំណាំ ដោយធានាបាននូវនិរន្តរភាពធនធានធម្មជាតិ និងជីវសាស្ត្រចំរុះនៃបរិស្ថាន
  • រៀបចំស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផលដំណាំ ប្រព័ន្ធគ្រប់គ្រងធានាគុណភាព សុវត្ថិភាពផលិតផលដំណាំ គោលនយោបាយ កសាងផែនការ គម្រោង កម្មវិធីអភិវឌ្ឍន៍ គ្រប់គ្រង ធានាលើកកំពស់គុណភាព សុវត្ថិភាព ផលដំណាំតាំងដោយផ្តល់ភាពជឿជាក់ក្នុងការធានាគុណភាព និងសុវត្ថិភាពផលដំណាំ ចំពោះអ្នកហូបចុក និងទីផ្សារនិងជំរុញការនាំចេញផលិផលដំណាំ
  • រៀបចំលិខិតបទដ្ឋាន ច្បាប់ និងជាសេវានិតិប្រតិបត្តិ ក្នុងការគ្រប់គ្រងការងារការពារដំណាំ ការងារសុវត្តិភាពអាហារជាផលិតផលកសិកម្ម និងការងារត្រួតពិនិត្យភូតតាមអនាម័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកិច្ចព្រមព្រៀងផ្នែកអនាម័យ និងភូតគាមអនាម័យនៃអង្គការពាណិជ្ជកម្មពិភពលោក
  • គ្រប់គ្រងប្រព័ន្ធការងារក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការ ភូតគាមអនាម័យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ អនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ កិច្ច​ព្រមព្រៀងអនាម័យ​និង​ភូតគាមអនាម័យ​នៃអង្គការពាណិជ្ជកម្មពិភពលោក ស្តង់ដាជាតិ តំបន់​ និងអន្តរជាតិស្តីពីវិធានការភូតគាមអនាម័យនិងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន
  • កំណត់ទិសដៅ គ្រប់គ្រង និងជំរុញសកម្មភាពពិសោធន៍ស្រាវជ្រាវរបស់អង្គភាពពិសោធន៍ស្រាវជ្រាវ ក្រោមឱវាទ និងជំរុញសកម្មភាពផ្សព្វផ្សាយវិធានការណ៍ការពារដំណាំ ភូតគាមអនាម័យ និងវិធានការណ៏ផលិតកម្ម និងអភិវឌ្ឍ ដោយសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងអង្គភាពមូលដ្ឋានដើម្បីលើកកំពស់គុណភាព និងសុវត្ថិភាពផលិតផលដល់កសិករ អង្គការកសិករ វិនិយោគគិន និងវិស័យឯកជន និងដើម្បីបង្កើនប្រាក់ចំណេញ និងចំណូលគ្រួសារ លើកកំពស់សុខមាលភាពប្រជាជន និងសម្របសម្រួល ជំរុញការនាំចេញកសិផល
  • អនុវត្តកម្មវិធីស្រាវជ្រាវនិងការពង្រឹងសមត្ថភាពបច្ចេកទេស ជាយន្តការគាំទ្រការគ្រប់គ្រង ការការពាររុក្ខជាតិនិងភូតគាមអនាម័យ និងជំរុញការអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំដើម្បីកាត់បន្ថយវត្តមានសមាសភាពចង្រៃឱ្យនៅកម្រិតទាបបំផុតដែលមិនបង្កហានិភ័យចំពោះសេដ្ឋកិច្ច
  • អភិវឌ្ឍសមត្ថភាពធនធានមនុស្ស អប់រំ បណ្តុះបណ្តាល និងលើកកម្ពស់គុណវុឌ្ឍិរបស់មន្រ្ដីត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីជំរុញការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព
  • សហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សង្គមស៊ីវិលនិងដៃគូអភិវឌ្ឍនានា ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងសុខភាពរុក្ខជាតិនិងភូតគាមចត្តាឡីស័ក ដើម្បីចូលរួមអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព
  • ជាសេវាគាំទ្រដល់អធិការកិច្ចពូជដំណាំ ដែលបំពេញនាទីជានិតិប្រតិបត្តិករ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពដឹកជញ្ជូនពូជដំណាំឆ្លងកាត់ព្រំដែន ប្រទេស
  • ធ្វើអធិការកិច្ចភូតគាមអនាម័យលើពូជដំណាំ ដើម្បីបញ្ជាក់ស្ថានភាពភូតគាមអនាម័យនូវរាល់សកម្មភាពនាំចូល នាំចេញ និងដឹកជញ្ជូនឆ្លងកាត់ពូជដំណាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ទំនាក់ទំនង និងសម្របសម្រួលជំរុញការវិនិយោគរបស់វិស័យឯកជន ឱ្យបានចូលរួមវិនិយោគសេវាគាំទ្រការងារការពារដំណាំ ភូតគាមអនាម័យ និងលើកំពស់គុណភាពផលិតផលកសិកម្ម
  • ទំនាក់ទំនង និងសម្របសម្រួលការវិនិយោគរបស់ផ្នែកឯកជន ក្នុងក្របខ័ណ្ឌនៃការគាំទ្រសេវាកម្ម​បច្ចេកទេស និងការពង្រឹងសមត្ថភាពសម្រាប់វិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ​ ដើម្បីលើក កម្ពស់គុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • គ្រប់គ្រងនិងត្រួតពិនិត្យសេវាកម្មបច្ចេកទេសគ្រប់ប្រភេទ ក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធានាការសិក្សា  វាយតម្លៃប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ លើគុណភាព ប្រសិទ្ធភាព និងហានិភ័យគ្រោះថ្នាក់នៃផលិតផលការពាររុក្ខជាតិគ្រប់ប្រភេទ ស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន
  • សេនាធិការបច្ចេកទេស និងផ្តល់សេវាលើការអន្តរាគមន៍កំចាត់សមាសភាពចង្រៃ វាយតម្លៃសារធាតុគីមីដែលប្រើប្រាស់ក្នុងបំណងបង្ការ កម្ចាត់ សម្លាប់ បណ្តេញ អូសទាញ សម្របសម្រួលការលូតលាស់ ( និងអំពើដទៃទៀតនៃថ្នាំកសិកម្ម) សមាសភាពចង្រៃ និង​វាយតម្លៃរាល់ភ្នាក់ងារឬសារធាតុជីវសាស្ត្រ ដែលប្រើប្រាស់ក្នុងគោលបំណងខាងលើ និងបំណងបង្កើនជីជាតិដី និងវាយតម្លៃសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ស្របតាមអនុសញ្ញា កិច្ចព្រមព្រៀង ដែលពាក់ព័ន្ធថ្នាក់ជាតិ តំបន់ និងអន្តរជាតិនានា​ និងវាយតម្លៃគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម
  • ធ្វើវិភាគហានិភ័យសមាសភាពចង្រៃ ធ្វើវិញ្ញាបនកម្ម ដោយចេញវិញ្ញាបនបត្រភូតគាម អនាម័យចំពោះរាល់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ
  • គ្រប់គ្រងព័ត៌មានភូតគាមអនាម័យ និងអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ លើកកម្ពស់  
    ការយល់ដឹងជាសាធារណៈក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ
  • ទំនាក់ទំនង សហការ និងអនុវត្តអនុសញ្ញា កិច្ចព្រមព្រៀង កំរិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដែលមានទំនាក់ទំនង
  • ទំនាក់ទំនង និងធ្វើសហប្រតិបត្តិការអន្តរជាតិ ដោយបំពេញតួនាទីជាចំណុចការងារផ្លូវការតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការអ​នុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ កិច្ចព្រមព្រៀង ការអនុវត្តលិខិតតុបករណ៍អន្តរជាតិឬតំបន់ និងការចូលរួមរាល់វេទិកាអន្តរជាតិដែលពាក់ព័ន្ធការការពាររុក្ខជាតិនិងភូតគាមអនាម័យ
  • អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រគល់ជូន ។
  • នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូប  និងអមដោយ
  • អនុប្រធាននាយកដ្ឋានមួយចំនួន ជាជំនួយការ តាមការចាំបាច់ ។